យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការនៃស្ថាប័នអយ្យការគ្រប់ជាន់ថ្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់នូវដំណើរការចរចាសន្តិភាពរវាង ព្រះរាជាណាចក្រកម្ពុជានិង ព្រះរាជាណាចក្រថៃ រហូតបានឈានដល់ការចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពគូឡាឡាំពូ” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះជាជំហានវិជ្ជមានដ៏ សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃ ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជា តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។
យើងខ្ញុំតំណាងមន្ត្រីនៃស្ថាប័នអយ្យការទូទាំងប្រទេស សូមចូលរួមអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម អានុទីន ចាន់វីរៈគុល នៃព្រះរាជាណាចក្រថៃ និងតួនាទីស្នូល របស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការចូលរួម គាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍ អន្តរជាតិក្នុងដំណើរការសន្តិភាពដ៏មានតម្លៃនេះ។
មន្ត្រីនៃស្ថាប័នអយ្យការទូទាំងប្រទេសសូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា សន្តិភាពគឺទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំង អស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជា និងថៃជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ខិតខំប្រឹងប្រែង រួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរព គ្នានិងការឱ្យតម្លៃគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នក ជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។
មន្ត្រីនៃស្ថាប័នអយ្យការទូទាំងព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យមានការបន្តគាំទ្រ និងការចូលរួមចំណែក របស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះ។


