យើងខ្ញុំ ដែលជាអគ្គព្រះរាជអាជ្ញា និងអគ្គរដ្ឋអាជ្ញានៃបណ្តារដ្ឋជាសមាជិកអាស៊ាន បានជួបជុំគ្នានៅ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើបញ្ហាដែលជាកង្វល់ និងផលប្រយោជន៍រួម និងដើម្បីបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការផ្លូវច្បាប់អន្តរជាតិ ដោយផ្តោតទៅលើកិច្ចការនៃការចោទប្រកាន់ ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៏ ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងរបៀបវារៈផ្អែកលើច្បាប់របស់ខ្លួន។
ទទួលស្គាល់ ពីសារៈសំខាន់នៃតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងព្រះរាជអាជ្ញា/រដ្ឋអាជ្ញាក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការលើកកម្ពស់ និងគោរពនីតិរដ្ឋ យុត្តិធម៌ និងអាស៊ានដែលផ្អែកលើច្បាប់ជាធំ។
បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្របសម្រួលជាមួយ និងគាំទ្រដល់បណ្តាអង្គភាពថ្នាក់រដ្ឋមន្ត្រីតាមវិស័យពាក់ព័ន្ធទាំងអស់របស់អាស៊ានក្នុងការអនុវត្តអាណត្តិរៀងៗខ្លួន ដើម្បីជួយសម្រួល និងអនុវត្តរបៀបវារៈនៃការកសាងសហគមន៍អាស៊ាន ជាពិសេស ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។
នឹករឭកដល់ លទ្ធផលផ្សេងៗគ្នានៃ កិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ ទីពីរ និងទីបី ក្នុងចំណោមព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលបានប្រព្រឹត្តទៅនៅ បាងសែន ខេត្ត ឈុនបូរី ប្រទេសថៃ ក្នុងឆ្នាំ ២០២៣; នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២៤និងនៅ ខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ហើយដែលត្រូវបានកត់សម្គាល់ដោយបណ្តាថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៤ និង ៤៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវដែលបានទទួលស្គាល់ពីតម្រូវការក្នុងការជំរុញការបង្កើតដែលបានស្នើឡើងនៃ កិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ានដើម្បីពង្រឹង និងបង្កើនកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជអាជ្ញា/រដ្ឋអាជ្ញា ក្នុងពេលជាមួយគ្នានេះដែរលើកកម្ពស់ការសម្របសម្រួលជាមួយបណ្តាអង្គភាពថ្នាក់រដ្ឋមន្ត្រីតាមជំនាញដទៃទៀតរបស់អាស៊ានដើម្បីដោះស្រាយ និងទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន។
ទទួលស្គាល់ តម្រូវការសម្រាប់រចនាសម្ព័ន្ធស្ថាប័នមួយក្នុងក្របខ័ណ្ឌអាស៊ានសម្រាប់ព្រះរាជអាជ្ញា/រដ្ឋអាជ្ញាអាស៊ានដើម្បីសម្របសម្រួលជាមួយ និងគាំទ្របណ្តាស្ថាប័នអាស៊ានទាំងអស់ក្នុងការជំរុញរបៀបវារៈកសាងសហគមន៍អាស៊ាន ស្របតាមគោលបំណង និងគោលការណ៍ដែលបានចែងក្នុងធម្មនុញ្ញអាស៊ាន។
សូមប្រកាសដូចតទៅ៖
បង្កើតកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) ក្នុងនាមជាអង្គភាពថ្នាក់រដ្ឋមន្ត្រីតាមជំនាញតាមផ្នែករបស់អាស៊ានដែលនឹងត្រូវដាក់បញ្ចូលក្នុង ឧបសម្ព័ន្ធទី១ នៃធម្មនុញ្ញអាស៊ានធម្មនុញ្ញអាស៊ាន ដើម្បីអនុវត្តតួនាទី និងអាណត្តិដូចដែលបានចែងនៅក្នុង លក្ខខណ្ឌប្រតិបត្តិរបស់ខ្លួនដែលត្រូវបានអនុម័តនិងភ្ជាប់មកជាមួយសេចក្តីប្រកាសនេះ។
បង្កើតកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (SOM- APAGM) ដើម្បីគាំទ្រកិច្ចការរបស់ APAGM រួមទាំងការអនុវត្តយុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម កម្មវិធី និងសកម្មភាពរបស់ខ្លួន។
អនុម័ត ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ជាច្បាប់ដើមតែមួយច្បាប់គត់ជា ភាសាអង់គ្លេស។.